Friday, February 6, 2015

"រាក់ទាក់"បង្កើយភាពស្និទ្ធស្នាល

<<បើអ្នកមិនចេះរាក់ទាក់ជជែកលេង វាក៏មិនខុសអីពី
សួបច្បារដែលគ្មានបុប្ផា ឬវេហាស៍ គ្មានព្រះច័ន្ទនោះឡើយ>>
           ការរាក់ទាក់ គឺជាភាសាដែលមនុស្សប្រើនៅពេលជួបគ្នា ដែលមើលទៅហាក់បីដូចជាមិនសូវចាំបាច់អ្វីទេ តែបើពិចារណាឱ្យដិតដល់បន្តិច វាមានសារៈសំខាន់បំផុតក្នុងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។
            ការរាក់ទាក់ វាជួយឱ្យមានបរិយាកាសល្អៗក្នុងការសេពគប់ជាមួយគ្នា បង្កើតភាពស្និទ្ធស្នាល ជួយឱ្យយើងបានស្វែងយល់ពីគ្នាទៅវិញទៅមក។ល។ ហេតុនេះ ដើម្បីរកសាច់រឿងមកនិយាយឱ្យបានច្រើន អ្នកអាចសាកល្បងពិចារណាតាមប្រធានបទខ្លះៗខាងក្រោម៖

        ១_យកបរិយាកាសឬស្ថានភាពមនុស្សជុំវិញមកធ្វើជប្រធានបទៈ
​​         ពាក្យថា ថ្ងៃនេះមេឃស្រឡះល្អណាស់! តែមួយឃ្លា ក៏ធ្វើឱ្យមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់ អាចសន្ទនាគ្នាបានដែរ។
​​​​​​​​​​​​​​​          ក្នុងជីវិតប្រចាំថ្ងៃ យើងអាចជ្រើយរើសយកអ្វីដែលជួបប្រទះផ្ទាល់នៅនឹងមុខ មកធ្វើជាប្រធានបទក្នុងការនិយាយលេងរាក់ទាក់ទាំងឡាយ ដូចជានៅក្នុងពិធីជប់លៀងយើងអាចនិយាយថា៖
          " ម្ហូបនេះឆ្ងាញ់ណាស់! "ឬ
            "ម្ហូបអាហារក្នុងពិធីនេះសម្បូរពោរពាស!"
            បើទៅលេងផ្ទះមិត្តភក្តិយើងអាចនិយាយរាក់ទាក់ថា
          " ផ្ទះនេះរៀបចំបានល្អណាស់ គួរឱ្យចង់រស់នៅ"
           នៅលើរថយន្តក្រុងយើងអាចនិយាយជាយួយអ្នកនៅក្បែរយើងថា
           "ថ្ងៃនេះឡានពេញណែនក្ឌឹសតែម្តង" ឬយើងអាចសួរគរថា
           "ទៅលេងឯណា?"
           បើនៅផ្ទះគេមានមនុស្សចាស់ឬក្មេងៗ យើងក៏អាចយកធ្វើជារឿងក្នុងការនិយាយលេងបានយ៉ាងល្អបំផុត។ ការនិយាយលេងរាក់ទាក់ក្រៅអំពីការបង្កចំណាប់អារម្មណ៍របស់ភាគីម្ខាងទៀត វាថែមទាំងធ្វើឱ្យគេទទួលអារម្មណ៍ថា យើងជាមនុស្សដែលមានសន្ដានចិត្តល្អ ងាយសេពគប់ធ្វើឱ្យគេមានចិត្តរីករាយក្នុងការរួមសន្ទនាជាមួយគ្នា។

២_យករឿងដែលភាគីម្ខាងទៀតគេចូលចិត្តមកធ្វើជាប្រធានបទៈ
            ប្រសិនបើយើងមានរឿងត្រូវពឹងពាក់អ្នកណា យើងត្រូវតែដឹងថា គេនោះចូលចិត្តអ្វីនិងមិនចូចិត្តអ្វីជាមុនសិន។ បន្ទាប់មកយើងយករឿងដែលគេចូលចិត្ត មកធ្វើជាប្រធានបទក្នុងការនិយាយ ដូចជាបើគេចូលចិត្តតន្រ្តី យើងគួរនិយាយអំពីបទចម្រៀងដែលកំពុងពេញនិយម ពីអ្នកចំរៀងណាដែលល្បីៗជាដើមនិងប្រសិនបើយើងយល់ដឹងក្នុងរឿងនេះខ្លះៗថែមទៀតវានឹងជួយឱ្យការសន្ទនាកាន់តែមានឱជារសទ្វេឡើង។ ភាគីម្ខាងទៀង គេនឹងគិតថា យើងនិយាយត្រូវនឹងចិត្តរបស់គេ ហើយបើយើងមិនសូវដឹងពីសាច់រឿងនេះទេក៏មិនជាអ្វីដែរ យើងអាចសុំការណែនាំពីគេវិញក៏បាន។ ធ្វើដូច្នេះ ជាការបង្ហាញឱ្យយើងឃើញថា យើងជាមនុស្សដាក់ខ្លួនដាក់កាយ មានសុជីវធម៌ ហើយម្យ៉ាងទៀត យើងបានទទួលការយល់ដឹងផ្នែកតន្រ្តីបន្ថែមទៀតផង។

៣_ហេតុការណ៍ប្រទេសជាតិ ឬពត៌មានផ្សេងៗ ធ្វើជាប្រធានបទៈ
           សភាពការរបស់ប្រទេសជាតិនិងពត៌មានផ្សេងៗ សុទ្ធសឹងជារឿងរ៉ាវដែលមនុស្សទូទៅបានដឹងលឺគ្រប់ៗគ្នារួចហើយ។ យើងអាចយករឿងទាំងនេះមកធ្វើជាប្រធានបទក្នុងការសន្ទនាដូចជា រឿងប្រាសាទព្រះវិហារ បញ្ហាព្រំដែន ដែលអាចធ្វើឱ្យមនុស្សមានអារម្ភណ៍តបស្នងជាមួយគ្នាបាន។ ចំពោះរឿងពត៌មានផ្សេងៗ មិនថាក្នុងប្រទេសឬក្រៅប្រទេល ឬរឿងកំប៉ិកកំប៉ុកអង្ករកំប៉ុង ក៏យើងអាចជ្រើសរើសយកមកនិយាយបានដែរ ប៉ុន្តែយើងគួរប្រយ័ត្នប្រួយែងខ្លះដែរថា ការយកប្រធានបទណាមួយមកនិយាយ ត្រូយពិនិត្យមើលទៅតាមប្រភេទមនុស្ស តាមការចូលចិត្តតាមការចាប់អារម្ភណ៍របស់គេដូចជា បើគេជាស្រ្តីមេផ្ទះ​យើងទៅនិយាយរឿងនយោបាយដែលគ្នាមិនសូវដឹងរឿងអីប៉ុន្មាន ក៏វាមិនទំនងផងដែរ ឬអ្នកនោះជាមន្រ្តី ឬជាថ្នាក់ដឹកនាំ យើងបែរជាលើកយករឿងរាយមាយតែពីសតែពាសមកនិយាយក៏ប្រហែលជារកចំនុចត្រូវគ្នាមិនឃើញដែរ។
          ​ ពេលខ្លះ ការនិយាយច្រើនពេកក៏អាចនឹងធ្វើឱ្យភាគីម្ខាងទៀតមិនសូវសប្បាយចិត្តប៉ុន្មានដែរ។ ហេតុនេះមុននឹងយករឿងនយោបាយឬ ពត៌មានផ្សេងៗមកធ្វើជាប្រធានបទ អ្នកត្រូវពិនិត្យ​សង្កេតជាមុនថាគេមានចាប់អារម្មណ៍នឹងរឿងនេះដែរឬ ទេ? តើយើងអាចធ្វើឱ្យភាគីម្ខាងទៀត គេចូលរួមសន្ទនាដោយក្ដីរីករាយដែរឬទេ? សូមកុំចេះតែប្រូបែកពពុះមាត់​តែខ្លួនឯង ដោយមិនខ្វល់ពីរឿងគេចង់ស្ដាប់ ឬមិនចង់ស្ដាប់ឱ្យសោះ។

៤_ក្នុងប្រធានបទនីមួយៗ តែងមានការរៀននឹងការបង្រៀនៈ
           ខ្ញុំមិនហ៊ាននិយាយទេថាប្រជាជនខ្មែរមានការយល់ដឹងកម្រិតណា ក្នុងបណ្ដាប្រទេសជាង ២០០ លើពិភពលោកយើងនេះ? ចំពោះលោកអ្នកដែលកំពុងតែអានអត្ថបទក្នុង វេបសាយត៍ នេះ យ៉ាងហោចណាស់ក៏លោកអ្នកមានកម្រិតយល់ដឹងក្នុងលំដាប់ ១លានដំបូងៗ ក្នុងចំណោមប្រជាជនខ្មែរទាំង ១៥ លាននាក់ដែរ។ យើងមិនបានតាំងខ្លួនជាអ្នកប្រាជ្ញបណ្ឌិត ឬជាអ្នកដើរប្រោសសត្វលោកអ្វីទេ តែខ្ញុំគិតថា ការផ្ដល់គំនិតល្អៗខ្លះទៅលើការគិត ការប្រព្រឹត្ត ឬផ្នែកសុខភាពអនាម័យ គឺជាអំពើដ៏ល្អមួយ ដែលយើងគួរនឹងធ្វើណាស់។ យើងមិនចាំបាច់ទៅអង្គុយទេសនាប្រាប់គេត្រង់ៗនោះទេ តែក្នុងពេលនិយាយលេង យើងអាចបន្ថែមបន្ថយខ្លះៗការយល់ដឹងល្អៗមួយចំនួនដែលមានប្រយោជន៍ដល់ពួកគេ(ចំពោះតែអ្នកដែលសមគួរនឹងទទួល)។
គឺការប្រាប់ ដែលមិនឱ្យគេដឹងថាយើងចង់ប្រាប់។
             ការាក់ ការនិយាយលេង ជួយ​ឱ្យមានបរិយាកាស់រីករាយ ជួយឱ្យមានចំណងមេត្រី ជួយបង្ហាញការយល់ដឹងដោយចិត្តបរិសុទ្ធ ដល់អ្នកដែលខ្វះខាតជាងយើង(ក្នុងពេលកំពុងនិយាយលេង)គឺជាប្រការដែលយើងគូរធ្វើដោយបញ្ញារបស់ខ្លួន វាល្អជាជាងនិយាយវ៉ែឥតប្រយោជន៍។
ដាំផ្កា នាំឱ្យយើងបានឃើញភាពស្រស់បំព្រងរបស់ផ្កាផង
ហើយក៏កាន់តែចេះដឹងក្នុងការដាំផ្កាដែ។
និយាយលេងរាក់ទាក់ជួយបង្កើនមិត្តមេត្រីផង
ជួយឱ្យបានរៀន និងបានបង្រៀនផងដែរ។

ប្រភពៈ ព្រះច័ន្ទចម្លង
(ព្រះច័ន្ទ The moon)

No comments:

Post a Comment